Buakaw Banchamek
ត្រូវបានគេស្គាល់ជាស្តេចប្រដាល់សេរីរបស់ថៃដែលបានសាងកេរ្តិ៍ឈ្មោះសំឡេងយ៉ាងខ្លាំងនៅតំបន់អាស៊ី ក៏ដូចជាកម្រិតពិភពលោក។ កំណត់ត្រាឡើងសង្វៀនរបស់គេគឺ២៦៥ដង ឈ្នះ២៣០ដង ចាញ់២៣ ស្មើ១២ និងធ្លាប់ឈ្នះដោយផ្តួលដៃគូឲ្យសន្លប់បាន៦៩ដង។ បច្ចុប្បន្នរូបគេគ្រង់ខ្សែក្រវាត់ និងពានរង្វាន់កម្រិតពិភពលោកជាច្រើន ហើយស្ទើររកគូប្រកួតគ្មានផង។
យ៉ាងណា រូបគេស្គាល់បរាជ័យជាច្រើនលើកដែរនៅពេលរូបមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយ។ គិតពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧នេះមានកីឡាករបរទេស៧នាក់ធ្លាប់បានយកឈ្នះលើរូបគេ។ កីឡាករខ្លះវ៉ៃគ្នាពីរដង ប៉ុន្តែកំពូលអ្នកប្រដាល់រូបនេះនៅតែមានសងសឹកបានឡើយ។
១- កីឡាករហុល្លង់ Albert Kraus
កីឡាករហុល្លង់ Kraus និងជើងខ្លាំងថៃ Buakaw ធ្លាប់ប្រកួតគ្នា៤ដងក្នុងនោះឈ្នះ២ និងចាញ់២ដងដូចគ្នា។ ប្រកួតទី១ Kraus ឈ្នះពិន្ទុ Buakaw ដោយមិនឯកឆ្ឆន្ទក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក K-1 ថ្ងៃទី២៣ កុម្ភៈ ២០០៥នៅជប៉ុន។ ប្រកួតលើកទី២ Buakaw បានឈ្នះពិន្ទុ Kraus ថ្ងៃទី២០ កក្កដា ២០០៥នៅជប៉ុន។ ប្រកួតលើកទី៣ Buakaw នៅតែឈ្នះពិន្ទុ Kraus ថ្ងៃទី៩ ខែមេសា ២០០៨នៅជប៉ុន ប៉ុន្តែប្រកួតលើកទី៤ Kraus បានយកឈ្នះពិន្ទុ Buakaw វិញថ្ងៃទី២៩ វិច្ឆិកា ២០០៨នៅហុល្លង់។
ប្រវត្តិរបស់ Albert Kraus
- ប្រកួតសេរី៖ ១១៦ដង
- ឈ្នះ៖ ៨៨ដង (ឈ្នះសន្លប់៤៨ដង)
- ស្មើ៖ ៣ដង
- ចាញ់៖ ២៥ដង (ចាញ់សន្លប់៤ដង)
- ប្រកួតសកលអាជីព៖ ៥ដង
- ឈ្នះ៖ ៥ដង (ឈ្នះសន្លប់៤ដង)
២- កីឡាករហុល្លង់ Andy Souwer
Buakaw ធ្លាប់វ៉ៃជាមួយកីឡាករហុល្លង់ Andy Souwer ៣ដងក្នុងនោះឈ្នះ១ដង និងចាញ់២ដង។ ប្រកួតលើកទី១ Andy Souwer ឈ្នះខ្សែក្រវាត់ K-1 ពិភពលោក បន្ទាប់ពីឈ្នះពិន្ទុ Buakaw ដោយមិនឯកឆ្ឆន្ទៈ ក្រោយតស៊ូ៥ទឹក ថ្ងៃទី២០ កក្កដា ២០០៥នៅជប៉ុន។ ប្រកួតលើកទី២ Buakaw ឈ្នះខ្សែក្រវាត់ពិភពលោក K-1 វិញម្តង តាមរយៈការផ្តួល Andy ទឹកទី២ ថ្ងៃទី៣០ មិថុនា ២០០៦នៅជប៉ុន។ លើកទី៣ Andy បានយកឈ្នះ Buakaw ដោយពិន្ទុក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ K-1 ក្រោយតស៊ូគ្នា៤ទឹកថ្ងៃទី២៦ តុលា ២០០៩នៅជប៉ុន។
៣- កីឡាករជប៉ុន Masato
អ្នកប្រដាល់ថៃ និងអ្នកប្រដាល់ជប៉ុននេះធ្លាប់ជួបគ្នា២ដងគឺឈ្នះម្តង និងចាញ់ម្នាក់ដូចគ្នា។ ប្រកួតលើកទី១ Baukaw ឈ្នះខ្សែក្រវាត់ K-1 បន្ទាប់ពីឈ្នះពិន្ទុ Masato វគ្គផ្តាច់ព្រ័ត្រពីការតស៊ូ៤ទឹក ថ្ងៃទី៧ កក្កដា ២០០៤ នៅជប៉ុន។ ការប្រកួតទី២ Masato បានទម្លាក់ Baukaw ត្រឹម១/៤នៃការប្រកួតខ្សែក្រវាត់ពិភពលោក K-1 តាមរយៈការឈ្នះពិន្ទុពីការស៊ូគ្នា៣ទឹកនៅថ្ងៃទី៣ តុលា ២០០៧នៅជប៉ុន។
៤- កីឡាករជប៉ុន Yoshihiro Sato
Sato ជាអ្នកជប៉ុនដែលធ្លាប់វ៉ៃជាមួយ Buakaw ៤ដងក្នុងឈ្នះ១ដង និងចាញ់៣ដង។ ប្រកួតលើកទី១ Sato បានចាញ់ Buakaw ទឹកទី២ក្នុងការប្រកួតវគ្គ១/៤ ដណ្តើមខ្សែក្រវាត់ពិភពលោក K-1 ថ្ងៃទី៣០ មិថុនា ២០០៦នៅជប៉ុន។ ប្រកួតលើកទី២ Buakaw បន្តឈុ្នះ Sato ដោយពិន្ទុ ក្រោយតស៊ូ៤ទឹកពីការប្រកួតដណ្តើមខ្សែក្រវាត់ K-1 ថ្ងៃទី២ កុម្ភៈ ២០០៨នៅជប៉ុន។ ប្រកួតលើកទី៣ Sato បានផ្តួល Buakaw ទឹកទី៣នៃការប្រកួតដណ្តើមខ្សែក្រវាត់ K-1 ថ្ងៃទី៧ កក្កដា ២០០៨នៅជប៉ុន ខណៈប្រកួតលើកទី៤ Buakaw បានយកឈ្នះពិន្ទុ Sato ក្នុងព្រឹត្តិការណ៍ Max Muay Thai ថ្ងៃទី៦ តុលា ២០១៣ នៅជប៉ុន។
៥- កីឡាករអាល្លឺម៉ង់ Enriko Kehl
អ្នកលេងប្រដាល់សេរី Buakaw Banchamek និង Enriko Kehl ធ្លាប់ប៉ះគ្នា២ដងគឺឈ្នះ១ដង និងចាញ់១ដងម្នាក់ដូចគ្នា។ ប្រកួតទី១ Buakaw ឈ្នះ Kehl ដោយពិន្ទុក្នុងព្រឹត្តិការណ៍ Max Muay Thai ក្រោយតស៊ូ៣ទឹក ថ្ងៃទី១០ ធ្នូ ២០១៣នៅថៃ។ ប្រកួតលើកទី២ Kehl បានវ៉ៃឲ្យ Buakaw ចុះចាញ់ទឹកទី៤ក្នុងការប្រកួតខ្សែក្រវាត់ K-1 ថ្ងៃទី១១ វិច្ឆិកា ២០១៤នៅថៃ។
៦- កីឡាកររុស្ស៊ី Khayal Dzhaniev
កីឡាកររុស្ស៊ីវ័យក្មេងរូបនេះមានបទពិសោធតិចលើសង្វៀន ប៉ុន្តែធ្លាប់ផ្តល់បរាជ័យដល់កំពូលអ្នកប្រដាល់ថៃ Buakaw ពេលអ្នកទាំងពីរជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួត Topking World Series 4 ថ្ងៃទី២៨ កក្កដា ២០១៥ នៅទីក្រុងហុងកុង។
៧-កីឡាករចិន Yi Long
អ្នកប្រដាល់ល្បីទាំងពីរធ្លាប់សង្វៀនប៉ះគ្នា២ដងក្នុងនោះឈ្នះ១ដង និងចាញ់១ដងម្នាក់ដូចគ្នា។ ប្រកួតលើកទី១ អ្នកលេងប្រដាល់សេរីចិន Yi Long បានចាញ់ពិន្ទុមិនឯកច្ឆន្ទពីការប្រកួត៣ទឹក Fight of the Century 1 ថ្ងៃទី៦ មិថុនា ២០១៥ នៅចិន។ ការប្រកួតលើកទី២ Yi Long បានឈ្នះពិន្ទុឯកឆ្ឆន្ទ ពីការប្រកួត៣ទឹកព្រឹត្តិការណ៍ Fight of the Century 2 ថ្ងៃទី៥ វិច្ឆិកា ២០១៦ នៅចិន។
Comments
Post a Comment